Wednesday, January 25, 2023

អភិបាលខេត្តប៉ៃលិនដឹកនាំក្រុមការងារចុះរៀបចំ ចំណុចផ្លូវ ដែលមានរហស្សនាមថា «ជ្រោះមរណ:» បានប្រែក្លាយទៅជា«ជ្រោះសុខសាន្ត»វិញ

អ្នកទស្សនា: Views

 


ខេត្តប៉ៃលិន ៖ នរណាៗ ដែលរស់នៅក្នុងខេត្តប៉ៃលិន តែងដឹងតែថា ត្រង់បណ្តោយដងផ្លូវជាតិលេខ៥៧មួយកន្លែង គេតែងឱ្យរហស្សនាមថា «ជ្រោះមរណ:» ព្រោះមានបញ្ហាករណីគ្រោះថ្នាក់ចរាចរកើតឡើងជាញឹកញាប់ បណ្តាលឱ្យស្លាប់និងរងរបួស ក៏មានក្មេងទំនើងគប់ដុំថ្មជាញឹកញាប់ ស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ តែមកដល់ពេលនេះ បានគេដាក់រហស្សនាមថាជាជ្រោះ «សុខសាន្ត» ខណ:ដែលកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះរៀបចំតុបតែងដាក់ភ្លើងអគ្គិសនីបំភ្លឺពេលយប់ ព្រមទាំងដាក់ស្លាកយ៉ាងធំមួយ ដែលមានយីហោ«ខ្ញុំស្រឡាញ់សន្តិភាព»។ 

   ប្រភពព័ត៌មានបានឱ្យដឹងថា ៖ កាលពីដើមឡើយ នៅត្រង់ចំណុចខាងលើមានចិញ្ចើមផ្លូវចោតខ្លាំង ជាកន្លែងដែលមានផ្លូវកោងក្បែរជើងភ្នំ ក៏មានចុះចំណោត ហើយបណ្តាលឱ្យកើតករណីគ្រោះថ្នាក់កើតឡើងជាញឹកញាប់ ម៉ូតូបុកម៉ូតូ ឬរថយន្តបុករថយន្ត បណ្តាលឱ្យស្លាប់ និងរងរបួសជាច្រើននាក់។ ក្រោយពីមានករណីកើតហេតុដ៏គួរឱ្យរន្ធត់កើតឡើងត្រង់ចំណុចខាងលើ ទើបប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនបានដាក់រហស្សនាមថា «ជ្រោះមរណ:»។ ប៉ុន្តែ ឥឡូវនេះ ពិតជាអស្ចារ្យ ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្លាស់ប្តូរទៅជាជ្រោះ «សុខសាន្ត»វិញ ព្រោះលែងមានករណីគ្រោះថ្នាក់ចរាចរញឹកញាប់ដូចមុន កើតឡើងទៀតហើយ។ ម្យ៉ាងវិញទៀត នៅត្រង់បណ្តោយដងផ្លូវខាងលើនេះ មានការដាក់ភ្លើងអគ្គិសនីបំភ្លឺនាពេលរាត្រី ដែលធ្វើឱ្យម្នាក់ៗ លែងភ័យខ្លាចត្រង់ចំណុចខាងលើនេះ ហើយក៏ឈប់មានករណីគ្រោះថ្នាក់ផ្សេងៗ កើតឡើងថែមទៀតដែរ។ 










  ប្រភពបញ្ជាក់ថា លើសពីនេះ ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកកាស៊ីណូ ដែលធ្វើការនៅព្រំដែន កម្ពុជាថៃ ដែលត្រូវធ្វើដំណើរ មកផ្ទះនាពេលយប់ ក៏លែងខ្លាចខ្មោច ឬខ្លាចជនខិលខូចលួចគប់ដុំថ្មចេញពីលើភ្នំ ដូចមុនៗ ទៀត ខណ:ភ្លើងសូឡាបានបំភ្លឺចាប់តាំងពីព្រលប់រហូតដល់ពេលព្រឹកតែម្តង។ ទោះបីជាការធ្វើដំណើរពេលយប់ជ្រៅប៉ុណ្ណាក៏លែងព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺអភិបាលខេត្តប៉ៃលិន បានកែច្នៃត្រង់ចំណុចខាងលើឱ្យមានភាពទាក់ទាញ គឺដាក់ស្លាយីហោថា «ខ្ញុំស្រឡាញ់សន្តិភាព» ទើបអ្នកដែលធ្វើដំណើរតាមដងផ្លូវនេះ ចេញពីទិសខាងលិចទៅខាងកើត តែងក្រឡេកមើលគ្រប់ពេលវេលាផងដែរ៕

0 Reviews:

Post a Comment