Sunday, October 30, 2022

ល្បែងបាញ់កាំជ្រួចនៅច្រកជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាហេតុអ្វីបានល្បែងនេះបិទមិនបាន

អ្នកទស្សនា: Views

 



 ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងច្រកជាំស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា នៅតាមព្រំដែនខ្មែរ - ថៃ ក្នុងមូលដ្ឋាន ពួកគាត់មានគេបើកលេងល្បែងភ្នាល់ បាញ់កាំជ្រួចដែលជាល្បែង ពេញនិយមក្នុង ខេត្តឧត្ដរមានជ័យ ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្នុងការភ្នាល់បាញ់កាំជ្រួចម្ដងៗ មានអ្នក ចាញ់ឈ្នះអស់លុយរាប់ពាន់រាប់ម៉ឺន ដុល្លារ ហើយមិនទាន់ឃើញមានមន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់នោះដែរ ។ មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ច នគរបាល ក្នុងច្រកជាំស្រុកអន្លង់វែង ក៏ដូចជា លោកអភិបាលស្រុកអន្លង់វែង និង លោកអធិការនគរបាល ស្រុកអន្លង់វែង បាន រក្សាភាពស្ងៀមស្ងាត់ទុកឲ្យ ល្បែងភ្នាល់បាញ់កាំជ្រួចកើតឡើង យ៉ាងអនាធិបតេយ្យហើយមាន អ្នកចូលរួមលេងយ៉ាងច្រើនកុះករ ។


 បើតាមការអះអាងរបស់ ប្រជាពលរដ្ឋ ក្នុងច្រកជាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថាទីតាំង លេងល្បែងបាញ់កាំជ្រួចគឺនៅចំណុច ច្រកជាំស្រុកអន្លង់វែងជិតកាស៊ីណូជាប់ព្រំប្រទល់ ខ្មែរ - ថៃ ច្រកជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយ មានការឃុបឃិតពីសំណាក់មន្ត្រី អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទើបអ្វីៗ អាចដំណើរការយ៉ាងរលូន ។ សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅពេលគេបាញ់ កាំជ្រួច ម្ដងៗលាន់ឮសំឡេងខ្ទ័រមេឃ ហើយមានផ្សែងហុយយ៉ាងខ្លាំងពេញ ខាងលើតំបន់ច្រកជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។  


ប៉ុន្តែគ្មានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានណាចុះទៅចាត់វិធានការ ទប់ស្កាត់នោះទេ ហើយបណ្ដោយឲ្យ ល្បែងបាញ់កាំជ្រួចដែលជា ល្បែងស៊ីសងខុសច្បាប់រាលដាល កាន់តែខ្លាំងថែមទៀត ។

ប្រជាពលរដ្ឋបានអំពាវនាវ យ៉ាងទទូច ឲ្យលោកស្នងការនគរបាល ខេត្តឧត្ដរមានជ័យ និងលោក ប៉ែន កុសល អភិបាលខេត្ត ឧត្ដរមានជ័យ ចាត់វិធានការទប់ស្កាត់ល្បែងបាញ់ កាំជ្រួចនៅជិតចំណុចច្រកជាំ ស្រុកអន្លង់វែង ជាបន្ទាន់ផងទាន ។ ដោយហេតុថាសំឡេងផ្ទុះនៃកាបាញ់កាំជ្រួចមានសំលេងរំខានយ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់ដែលរស់នៅជិតតំបន់ច្រកជាំ ស្រុកអន្លង់វែង ហើយផ្សែងកាំជ្រួចក៏ធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋទៀតផង ។ 


ប្រជាពលរដ្ឋបានលើកឡើងថា ទំនងជាលោកអភិបាលស្រុកអន្លង់វែង និង លោកអធិការនគរបាល ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានផលប្រយោជន៍ពីអ្នកបើក ល្បែង បាញ់កាំជ្រួចនៅក្នុងច្រកជាំ ស្រុកអន្លង់វែងហើយទើបពួកគាត់រក្សាភាព ស្ងៀមស្ងាត់ហើយមិនខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាល់តែសោះ៕






0 Reviews:

Post a Comment