Wednesday, June 15, 2022

មេល្បែងស៊ីសងឈ្មោះ វ៉ាន់ មានខ្នងបង្អែករឹងមាំបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងទ្រង់ទ្រាយធំក្នុងចម្ការកៅស៊ូ ភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់មិនចាត់វិធានការបង្ក្រាប?

អ្នកទស្សនា: Views

 


១៥  ០៦  ២០២២

ស្រុកស្ទឹងត្រង ប្រជាពលរដ្ឋបាននិយាយថា​ មេល្បែងស៊ីសងឈ្មោះ វ៉ាន់ មានខ្នងបង្អែករឹងមាំ ទើបអាចបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងចម្ការកៅស៊ូ ភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់។ ទន្ទឹមនឹងនេះបើគ្មានការបើកដៃពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក ទេនោះគឺបុគ្គលឈ្មោះ វ៉ាន់ មិនអាចបើកល្បែងស៊ីសងខុសច្បាប់ក្នុងឃុំព្រែកកក់ តាមអំពើចិត្តបានឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោកឧត្ដមសេនីយទោ ឯម កុសល្យ ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាបល្បែងស៊ីសង នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ឲ្យបានឆាប់។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ វ៉ាន់ នៅតែបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំ ដំណើរការយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។ ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ និងអាប៉ោង យ៉ាងគគ្រឹកគគ្រេង ហើយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកក់ ក៏ដូចជាលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។ ប្រការនេះកំពុងតែធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។

តាមប្រភពខ្លះបានឲ្យដឹងថាលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ អាងមានឳពុករបស់ខ្លួនគឺលោក ឯម កុសល្យ ស្នងការនគរបាលខេត្តកំពង់ចាម ជាបង្អែកដ៏រឹងមាំ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តតែម្ដង។ ហេតុនេះហើយទើបល្បែងស៊ីសងក្នុងស្រុកស្ទឹងត្រង់ រាលដាលពីឃុំមួយទៅឃុំមួយគ្មានទីបញ្ចប់ ហើយបច្ចុប្បន្នសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងរបស់បុគ្គលឈ្មោះ វ៉ាន់ កំពុងដំណើរការយ៉ាងរលូននៅក្នុងចម្ការកៅស៊ូ ភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ ដោយគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ គួរពិនិត្យឡើងវិញខ្លះផងជុំវិញករណីល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលគ្មានទីបញ្ចប់។បឋម




0 Reviews:

Post a Comment