Saturday, October 24, 2020

លោក ថោង ខុន៖ សន្តិភាព សុខភាព សុវត្ថិភាព សាមគ្គីភាព មិត្តភាព ជាកត្តាចាំបាច់សម្រាប់ប្រជាជាតិកម្ពុជាទាំងអស់គ្នា

អ្នកទស្សនា: Views
អ្នកនិពន្ធ:

 

ការថ្លែងរបស់លោករដ្ឋមន្ត្រីយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០០គ្រួសារ នៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានពាំនាំនូវការផ្ដាំផ្ញើប្រសាសន៍សួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់គ្នា ខណៈសម្ដេចតេជោនាយករដ្ឋមន្ត្រីបាននិងកំពុងខិតខំទាំងថ្ងៃទាំងយប់ ដើម្បីដោះស្រាយកិច្ចការប្រទេសជាតិ និងដើម្បីជួយប្រជាពលរដ្ឋក្នុងដំណាក់កាលជួបនូវវិបត្តិផ្ទួនៗគ្នានេះ មានដូចជាវិបត្តិជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ ពិសេសគឺកិច្ចការពារសុខសន្តិភាព និងកិច្ចការជាច្រើនទៀតផងដែរ។

លោកបានបន្តថា ទោះជាមមាញឹកយ៉ាងណាក៏ដោយ ក៏សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមានទម្លាប់ចុះជួយប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលជួបការលំបាក តួយ៉ាងដូចជាសកម្មភាពចុះជួបប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តភាគពាយព្យ នាប៉ុន្មានថ្ងៃនេះជាដើម។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីតែងតែផ្ដាំផ្ញើក្រើនរំឭកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវក្ដាប់ឱ្យបាននូវសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ និងដំណាក់កាលជួបគ្រោះទឹកជំនន់នេះ ដូច្នេះហើយទើបរូបលោកផ្ទាល់បានដឹកនាំក្រុមការងារចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋានរងគ្រោះនានា និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយការលំបាកបានមួយកម្រិតផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តចូលរួមថែរក្សាការពារឱ្យបាននូវសុខសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន និងយុទ្ធជនដទៃទៀតបានយកជីវិតទៅប្ដូរមកនេះ និងត្រូវអប់រំកូនចៅជំនាន់ក្រោយឱ្យយល់ពីតម្លៃសន្តិភាព ចេះស្រលាញ់ការពារសន្តិភាពនេះឱ្យខាងតែបាន។

លោកបានទទូចឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាលអំពីការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព អនាម័យ និងការរស់នៅរបស់ខ្លួន។

មួយទៀតសោត លោក ថោង ខុន ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នជាតិ ស្ថាប័នឯកជននានា ត្រូវខិតខំពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីរួមគ្នាបន្តការអភិវឌ្ឍអង្គភាព ស្ថាប័ន ឬមូលដ្ឋានសហគមន៍របស់ខ្លួនឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនតទៅមុខទៀត ពិសេសសូមបន្តប្រពៃណីសហការជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈដូចដែលយើងបាននិងកំពុងធ្វើបច្ចុប្បន្ននេះ ដែលកាយវិការនេះក៏ជាការចូលរួមយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាថាមពលដ័រឹងមាំ រួមចំណែកដល់កិច្ចកការពារសុខសន្តិភាពលើដែនដីកម្ពុជា។

លោកបានប្រាប់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រឹង-ពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយអន្តរជាតិ ពិសេសលើផ្នែកពាណិជ្ជកម្ម និងកិច្ចសហប្រត្តិការសេដ្ឋកិច្ច វប្បធម៌ ដើម្បីពង្រីកកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

ប្រជាពលរដ្ឋបានថ្លែងអំណរគុណពីចម្ងាយចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ពិសេសគឺសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រោយបានស្ដាប់នូវការពន្យល់របស់លោករដ្ឋមន្ត្រី ថោង ខុន ខាងលើនេះ។ ពួកគាត់ពិតជាមានភាពកក់ក្ដៅយ៉ាងខ្លាំង ថ្វីដ្បិតថាកំពុងជួបនូវវិបត្តិជំងឺកូវីដ និងគ្រោះធម្មជាតិយ៉ាងនេះក្ដី ប៉ុន្តែពួកគាត់ទុកចិត្តចំពោះការដោះស្រាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

គួរជម្រាបថា អំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ១០០គ្រួសារ នៅឃុំចុងដូង ស្រុកបារាយណ៍ នាពេលនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១បាវ (២០គីឡូក្រាម) មី ១កេស ទឹកបរិសុទ្ធ ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ថ្នាំ Tiffy ៥បន្ទះ។ ក្រៅពីនេះ លោកក៏បានប្រគល់ជំនួយឧបត្ថម្ភដល់សាលាបឋមសិក្សាចំនួន ៧ និងអនុវិទ្យាល័យចំនួន ១ នូវសម្ភារសិក្សាក្នុងមួយកន្លែង ៣០កញ្ចប់ ព្រមទាំងចែកជូនក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ និងប៉ុស្ដិ៍នគរបាលនូវទឹកសម្លាប់មេរោគ ២ធុង ជែលលាងដៃ និងគ្រឿងឧបភោគ-បរិភោគខ្លះទៀត ខណៈអំណោយមួយចំនួនក៏បានមកពីសប្បុរសជនជនជាតិចិននៃក្រុមហ៊ុន Life insurance ផងដែរ៕


ចេញផ្សាយថ្ងៃ:Saturday, October 24, 2020 rsatv-news.com