Wednesday, September 16, 2020

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបិទកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ​២០២០។

អ្នកទស្សនា: Views
អ្នកនិពន្ធ:
































ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី ឯកឧត្តម នូវប៉េង ចន្ទតារា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ​២០២០ នៅទីលានបាល់ទាត់វិទ្យាល័យជ័យវរ័ន្មទី​៧ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

នាពិធីនេះដែរមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំបណ្តារមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក ក្រុង មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ស្រុក គ្រូបង្វឹកកីឡា ក្មួយៗកីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន៧២១នាក់។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ថា ក្រោមម្លប់នៃសន្ដិភាព ការអភិវឌ្ឍ ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតីតេជោ ​ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើង​ទាំងអស់គ្នាពិត​ជា​​មានមោទនភាព​ចំពោះការរីកចម្រើននៃវិស័យកីឡារ​បស់​ប្រ​ទេសកម្ពុជាយើង ដែលកំពុង​មាន​ការ​​រីកលូតលាស់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ​ជាអាទិ៍ រាជរដ្ឋាភិបាល បាន​ដាក់​ចេញនូវគោលនយោបាយជាតិ នៃការអភិវឌ្ឍអប់រំកាយ និងកីឡា ក្នុង​គោលបំណង​លើក​កម្ពស់សិទ្ធិ ឱកាស និងបណ្តុះវប្បធម៌អប់រំកាយ និងកីឡា​ដល់ប្រជាជន​គ្រប់រូប ឲ្យមាន​សុខភាព​ល្អ និងសុខុមាលភាពល្អ កាយសម្បទានមាំមួន ឆន្ទៈមោះមុត អំណត់​ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ សំដៅដណ្តើម​បាន​លទ្ធផល​ល្អប្រសើរ​ក្នុងការប្រកួត​កីឡា​ទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អប់រំ យុវជន និងកីឡា បានអនុវត្តនូវកម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺអភិវឌ្ឍ​ការងារ​អប់រំ​កាយ និងកីឡា ឱ្យទៅជាចំណុចស្នូលនៃកំណែទម្រង់ និង​លើក​កម្ពស់​សុខភាព​ សមត្ថភាព​ជំនាញ បច្ចេកទេសអប់រំកាយនិង កីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រក​ប​ដោយ​គុណ​ភា​ព និងប្រ​សិទ្ធិ​ផល​ខ្ពស់​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ព្រម​ទាំង​ចូល​រួម​អភិវឌ្ឍ​សង្គម ​វប្បធម៌ និង​សេដ្ឋកិច្ចជាតិ។

សម្រាប់ខេត្តកណ្តាល ធ្លាប់ជាខេត្តទទួលបាននូវការចាប់អារម្មណ៍លើគ្រប់វិស័យ ចាប់​តាំង​​​ពីដើម​ទសវត្សទី៨០ ពិសេសវិស័យកីឡានេះតែម្តង ធ្លាប់មាន​មោទន​ភាពលើ​ផ្នែក​បាល់​ទាត់ បាល់ទះ អត្តពលកម្ម ដោយធ្វើឱ្យអត្តពលិកគ្រប់ខេត្ត ក្រុង កោតសរសើរ ហើយក៏បាន​ចូលរួម​​ជា​កីឡាករ​ជម្រើសជាតិផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាយើង នឹងមានកិត្តិយសជាប្រវត្តិសាស្រ្ត ក្នុងការ​ធ្វើជាម្ចាស់​ផ្ទះ​ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ​២០២៣ ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ។

ស្ថិត​ក្នុងផែនការរប​ស់​រាជរដ្ឋា​ភិបា​ល​​ បច្ចុប្បន្ន គណៈកម្មាធិការជាតិអូឡាំពិក បាននិងកំពុង​យកចិត្ត​ទុកដាក់​យ៉ាងសស្រាក់សស្រាំក្នុងការ​កសាង កែលម្អ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដែលបម្រើដល់វិស័យកីឡា ក៏ដូចជា​ការ​ពង្រឹ​ង​​​សមត្ថភាពកីឡាករ កីឡាការិនី អត្តពលលិក របស់យើង ដើម្បីត្រៀមប្រកួតកីឡាអាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

ឯកឧត្តម បានបន្តសង្កត់ធ្ងន់ទៀតថា ជាមួយនឹងការពង្រឹងសមត្ថភាពនានាក្នុងវិស័យកីឡា យើង​ក៏មិនត្រូវភ្លេចដែរ​អំពីការ​ការពារ​​​សុខភាពដោយប្រុងប្រយ័ត្ន ព្រោះថាពេលនេះ ពិភពលោកទាំងមូល​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់​ការរីករាលដាល​នៃជំងឺកូវីដ១៩។

ជាក់ស្តែងការ​ប្រកួតនាពេលនេះ គឺស្ថិត​ក្នុង​បរិបទ​កូវីដ​១៩ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែល​ជម្ងឺនេះ​បាននិង​កំពុងគំរាម​កំហែង​ដល់របៀបរស់នៅប្រចាំថ្ងៃ ទំនៀមទម្លាប់ ជីវភាព អាយុជីវិត សេដ្ឋកិច្ច និងសង្គម​ទាំងមូល​។​​​ ក៏ប៉ុន្តែជាភ័ព្វសំណាងដ៏ធំធេងបំផុត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដើម្បីការពារ និងទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះទាន់ពេលវេលា ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា គ្មានអ្នកស្លាប់​ដោយសារ​ជម្ងឺ​នេះ ហើយ​ក៏គ្មានការឆ្លងចូលក្នុងសហគមន៍យើងឡើយ​។

ឯកឧត្តម បានថ្លែង​អំណរ​គុណ​​ដល់អាជ្ញាធរដែនដី មន្ទីរអប់រំយុវជន និងកីឡា មន្ទីរជំនាញ គណៈកម្មការ​គ្រប់ជាន់​ថ្នាក់ កីឡាករ កីឡាការិនី កងកម្លាំងការពារសុវត្ថិភាព ដែលបាន​ធ្វើឱ្យ​ការ​ប្រកួតកីឡា​មហាជន​ជ្រើសរើស​ជើង​ឯក​​​ខេត្ត​កណ្តាល ឆ្នាំ២០២០ នេះទទួល​បាន​លទ្ធផល​​ល្អ​។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណដល់គ្រូបង្វឹក ដែលបានជួយបណ្តុះបណ្តាល បង្វឹកដល់កីឡាករ កីឡាការិនីយើង និងថ្លែងអំណរគុណដល់សហព័ន្ធកីឡា គណៈ​កម្មកា​រ​​​កីឡា និងផ្នែកពាក់ព័ន្ធ​ទាំងអស់ដែល​បាន​ចូលរួម​ចំណែក​​ក្នុងការ​ជំរុញវិស័យ​កីឡានេះឲ្យមានការីកចម្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តម បានផ្តល់អនុសាសន៍ និងសំណូមពរមួយចំនួនដូចខាងក្រោម ៖

• ស្នើមន្ទីរអប់រំ យុវជន និងកីឡា ​យកចិត្តទុកដាក់ រៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ​កីឡា ភ្លើងបំភ្លឺនៅកីឡដ្ឋាន ប្រព័ន្ធបង្ហូរទឹកជាដើម។
• រដ្ឋបាលក្រុង ស្រុក ត្រូវ​យកចិត្តទុកដាក់ កែលម្អទីលាន​កីឡា​នៅតាមក្រុងស្រុក ដើម្បីជំរុញឱ្យសកម្មភាពកីឡាគ្រប់ប្រភេទក្នុងខេត្តរីកចម្រើន និងប្រមូលបាន ធនធាន​កីឡាករ​ដែលមានសក្ដានុពល តំណាងខេត្ត និងតំណាងជាតិ  ឆ្ពោះទៅស៊ីហ្គេម​ឆ្នាំ​២០២៣​។
• ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ស្នើរាល់ការរៀបចំ​ការប្រកួតកីឡា​ត្រូវស្ថិតក្នុង​សកម្មភាព​ប្រុង​ប្រយ័ត្នខ្ពស់ ដោយមានការបាញ់សម្លាប់មេរោគលើទីលាន ការពិនិត្យកំដៅ ការ​លាង​សម្អាតដៃនឹងអាល់កុលបានត្រឹមត្រូវ​និងអនុវត្តតាមការណែនាំរ​បស់​ក្រសួង​សុខាភិបាល។
• ស្នើមន្ទីរជំនាញពាក់ព័ន្ធ ពិសេសមន្ទីរអប់រំ យុវជន និងកីឡា លើកទឹកចិ​ត្ត​អោយ​មានការ​ពង្រឹងសមត្ថភាពរបស់ កីឡាករ គ្រូបង្វឹក ក៏ដូចជាអាជ្ញាកណ្ដាលជាដើម ដើម្បីមានឱកាសបានចូលរួមបំពេញការងារទាំងក្នុងក្របខ័ណ្ឌជាតិ ក្របខ័ណ្ឌតំបន់ និង​ក្រប​ខ័ណ្ឌអន្តរជាតិ។
• សម្រាប់ក្មួយៗជាកីឡាករ កីឡាការិនី ទាំងអស់ត្រូវគិតថាការប្រកួតចាញ់-ឈ្នះគឺជា​រឿង​ធម្មតារបស់កីឡា ប៉ុន្តែសំខាន់បំផុតនោះ គឺត្រូវគោរពតាមច្បាប់​នៃការ​ប្រកួត របស់​គណៈកម្មការកីឡា និង​ត្រូវតែជៀសវាងការ​ប្រើប្រាស់សារធាតុ​លើក​កម្លាំ​ង​ ឬ​សារធាតុញៀន​ជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់​ដល់​កិត្តិយស​ជាតិ និងគ្រួសារ។
• សូមសំណូមពរដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមហាត់ប្រាណ និងលេងកីឡា ដើម្បីពង្រឹងកាយសម្បទារបស់ខ្លួន និងអាចឈ្នះជម្ងឺដង្កាត់ទាំងឡាយផង ដូចពាក្យ​ស្លោក​ថា «កីឡានាំមកនូវសុខភាព និងសេចក្តីថ្លៃថ្នូរ»
• សូមឱ្យកូនៗក្មួយៗ និងបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាង និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យខាងតែបាន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព ចំពោះរថយន្តពេលបើកបរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព មិនត្រូវនិយាយទូរស័ព្ទក្នុងពេលបើកបរ មិនត្រូវបើកបរលើសល្បឿនកំណត់ និងបើកបរក្នុងស្ថានភាពស្រវឹង ត្រូវទន្ទេញឱ្យចាំនូវការផ្តាំផ្ញើជាប្រចាំនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺ "ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចររាចរណ៍"។

សូមជម្រាបជូនថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានទទួលការអនុញ្ញាតពី ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានរៀបចំការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២០ ដែលកម្មវិធីប្រកួតជាផ្លូវការប្រព្រឹត្តទៅរយៈពេល០៧ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដោយបានទទួលលទ្ធផលជាទីមោទនៈ។

ក្រុមកីឡាដែលបានចូលរួមប្រកួតនេះមាន ៣ប្រភេទក្នុងនោះ៖
១-ផ្នែកកីឡាបាល់ទាត់ បុរស មាន១២ក្រុម ស្មើនឹង២៤០នាក់ នារី មាន០៦ក្រុម ស្មើនឹង១២០នាក់
២-ផ្នែកកីឡាបាល់ទះ បុរស មាន០៦ក្រុម ស្មើនឹង៧២នាក់ នារី០៥ក្រុម ស្មើនឹង៦០នាក់
៣-ផ្នែកទាញព្រ័ត្រ បុរស មាន០៦ក្រុម ស្មើនឹង៦០នាក់ នារី មាន០៦ក្រុម ស្មើនឹង ៦០នាក់ សរុបកីឡាករ កីឡាការិនីចូលរួមចំនួន ៦១២នាក់ នារី ២៤០នាក់។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បាននាំយកនូវថវិកាដើម្បីឧបត្ថម្ភដល់កីឡាករ កីឡារិនី និងសមាជិកសមាជិកា នៃអង្គពិធីក្នុងនោះ៖
-គណៈកម្មាការបច្ចេកទេសចំនួន៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល
-លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យជ័យវរ្ម័នទី៧ ចំនួន ១៤៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល
-ក្រុមយុវជនកាយរិទ្ធិចំនួន៥០នាក់ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាចំនួន៥០នាក់ យុវជន ស.ស យ.កស្រុក ចំនួន៥០នាក់ និងកម្លាំងប្រជាការពារចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល
-ក្រុមកីឡាបាល់ទាត់ បុរស-នារី ចំនួន០៦ក្រុម ស្មើនឹង ១០៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល
-ក្រុមកីឡាបាល់ទះ បុរស-នារី ចំនួន០៦ក្រុម ស្មើនឹង៦០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល
-ក្រុមកីឡាទាញព្រ័ត្របុរស-នារី ចំនួន០៦ក្រុម ស្មើនឹង៤៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤ម៉ឺនរៀល

ជាការលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ មកពីវិទ្យាល័យជ័យវ័រ្មនទី៧ ដែលទទួលបានជ័យលាភីលេខ១ ដែលបានទាត់បញ្ចូលទីបានចំនួន០៥គ្រាប់ ឯកឧត្តម បានឧបត្ថម្ភថវិកាបន្ថែមចំនួន២លានរៀលផងដែរ។
ចេញផ្សាយថ្ងៃ:Wednesday, September 16, 2020 rsatv-news.com