Sunday, August 9, 2020

អភិបាលខណ្ឌច្បារអំពៅ នាំអំណោយចែកជូនពលរដ្ឋងាយរងគ្រោះជិត២០០គ្រួសារ រស់នៅសង្កាត់និរោធ និងសង្កាត់ព្រែកប្រា

អ្នកទស្សនា: Views
អ្នកនិពន្ធ: ,


(ភ្នំពេញ)៖ រយៈពេល ២ថ្ងៃបន្តបន្ទាប់នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅតែបន្តសកម្មភាពក្នុងការដឹកនាំក្រុមការងារ ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៦០គ្រួសារ រស់នៅក្នុងសង្កាត់និរោធ និងសង្កាត់ព្រែកប្រា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ នៅកំលុងពេលដែលជំងឺ Covid-19 កំពុងតែរាតត្បាតលើពិភពលោក និងបានកើតឡើងនៅកម្ពុជា។

អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានឲ្យដឹងថា បច្ចុប្បន្នដោយសារជំងឺកូវីដ១៩នេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ទើបសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ជាពិសេសអ្នកដែលទីទាល់ក្រពិតប្រាកដ ដើម្បីផ្តល់ប័ណ្ណសមធម៌ ដើម្បីបានជួយសម្រាលជីវភាពការរស់នៅខ្វះខាត របស់ប្រជាពលរដ្ឋ ក្នុងខណៈដែលជំងឺកូវីដ១៩ កំពុងតែឆ្លងរាតត្បាត នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមិនរត់ចោលប្រជាពលរដ្ឋ នៅកាលៈទេសៈដែលប្រទេសជាតិ និងប្រជាពលរដ្ឋកំពុងជួបប្រទះបញ្ហា។

លោក ចេង មុនីរ៉ា បានលើកឡើងផងដែរថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះតែប្រជាពលរដ្ឋ មានជីវភាពខ្វះខាតប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឬមានផ្ទុកមេរោគជាដើម ដែលជាការចង្អុលបង្ហាញចំគោលដៅ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នាឱកាសប្រគល់អំណោយមនុស្សធម៌ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ក្នុងនាមប្រជាពលរដ្ឋ លោក ចេង មុនីរ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាកំលុងពេលជម្ងឺកូវីដ១៩ កំពុងតែរីករាតត្បាត។

ជាមួយគ្នានោះដែរ លោកអភិបាលក៏បានផ្ដាំផ្ញើដល់លោកយាយលោកតាបងប្អូនទាំងអស់ឲ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជានិច្ចក្នុងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពប្រជាពលរដ្ឋជាសកល មិនថាតែប្រទេសកម្ពុជាយើងមួយប៉ុណ្ណោះទេ។

សូមជម្រាបថា នូវកំលុងពេលជម្ងឺកូវីដ១៩ កំពុងតែរាតត្បាតលើពិភពលោក, ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ នៅតែបន្តសកម្មភាពក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋជាជនពិការខ្វះខាតដែលងាយរងគ្រោះជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីថ្ងៃទី៦ សីហា លោក ចេង មុនីរ៉ា បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋរស់នៅសង្កាត់និរោធ ចំនួន ១០០គ្រួសារ។

ដោយឡែកនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ លោកអភិបាលខណ្ឌ បន្តនាំអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ នៅសង្កាត់ព្រែកប្រាចំនួន ៦០គ្រួសារទៀត ៕




















ចេញផ្សាយថ្ងៃ:Sunday, August 09, 2020 rsatv-news.com