Friday, August 7, 2020

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យបន្តតាមដានស្រាវជ្រាវ និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឲ្យបានទាន់ពេល

អ្នកទស្សនា: Views
អ្នកនិពន្ធ: ,


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រុមការងារជំនាញអន្តរក្រសួង-ស្ថាប័នទាំង០៦ របស់ គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានជំរុញឲ្យក្រុមការងារអនុវត្តន៍ច្បាប់ បន្តតាមដានស្រាវជ្រាវ និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមក្រុមការងារអនុវត្តនច្បាប់ បន្តតាមដានស្រាវជ្រាវ ស្វែងរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា។ លើសពីនេះទៅទៀត គ្រប់អង្គភាពសមត្ថកិច្ច គប្បីពង្រឹងវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង បញ្ជៀសឲ្យបានការប្រព្រឹត្តខុសឆ្គងនឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ បទបញ្ជា ដែលនាំឲ្យប្រឈមនឹងការដាក់ទោសទណ្ឌជាយថាហេតុ»។

បន្ថែមលើនេះ សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ដល់ក្រុមការងារអនុវត្តន៍ច្បាប់ ឲ្យអនុវត្តន៍បន្ត រួមមាន៖

* ជំរុញការចងក្រង និងចែករំលែកទិន្នន័យជាប្រព័ន្ធ ឲ្យមានលក្ខណៈរលូន និងជាទិន្នន័យរួមថ្នាក់ជាតិ ដែលឆ្លើយតបទៅនឹងការដោះស្រាយបញ្ហា ជាពិសេស សម្រាប់ចែករំលែកជាមួយអន្តរជាតិ។

* កិច្ចការយុត្តិធម៌ ត្រូវបានកែលម្អ តែសូមសំណូមពររដ្ឋមន្រ្តីយុត្តិធម៌ ពង្រឹងក្រុមការងារ ឲ្យមានទំនាក់ទំនងសហការល្អជាមួយអង្គភាពពាក់ព័ន្ធ និងធ្វើយ៉ាងណាឲ្យការប្រមូលទិន្នន័យ អំពីការផ្តន្ទាទោសអំពើជួញដូរមនុស្ស និងបញ្ជូនមកអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានបានទាន់ពេលវេលា បញ្ចប់ការវាយតម្លៃ ដោយដាក់បន្ទុកលើចំណុចខ្វះខាតនៃប្រព័ន្ធយុត្តិធម៌។

* អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ក្រុមការងារអន្តរក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គប្បីបន្តការប្រឹងប្រែងអនុវត្តសកម្មភាព ដែលបានរៀបចំក្នុងការឆ្លើយតបទៅនឹងបញ្ហាចំពោះមុខ រយៈពេលខ្លី មធ្យម វែង ឲ្យអស់លទ្ធភាព ដោយរិះរកមធ្យោបាយ ជម្នះឧបសគ្គ ពង្រឹងកិច្ចសហការ ដើម្បីចំណាយធនធានតិច បានផលច្រើន និងសម្រេចគោលដៅជាអាទិភាព។

* គ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គប្បីបន្តចូលរួមសហការ និងគាំទ្រ អនុវត្តគោលនយោបាយ និងវិធានការទាំងឡាយ របស់រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ ដើម្បីជម្នះរាល់ឧបសគ្គ និងភាពប្រឈមទាំងឡាយ រក្សាសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទប់ទល់នឹងសភាពការណ៍ដែលវិវត្តន៍ឥតឈប់ឈរ និងប្រធានសក្តិទាំងឡាយ ដែលប៉ះពាល់ដល់ប្រជាជន និងប្រទេសជាតិយើង៕






ចេញផ្សាយថ្ងៃ:Friday, August 07, 2020 rsatv-news.com