Sunday, August 9, 2020

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បន្តដឹកនាំក្រុមការងាររដ្ឋបាលក្រុង-សង្កាត់ទាំង៣ និងអង្គភាពភូមិ

អ្នកទស្សនា: Views
អ្នកនិពន្ធ: ,


(ក្រុងប៉ោយប៉ែត)ចុះផ្ទាល់ដល់មូលដ្ឋានបងប្អូនប្រជាពលរដ្ឋក្នុងចក្ខុវិស័យនៃអភិបាលកិច្ចល្អ និងយុទ្ធនាការកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រក្នុងក្រុងដូចភ្លៀងរលឹមអនុលោមតាមគណនេយ្យភាពសង្គម។

ក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមបទដ្ឋានថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងការអនុវត្តកម្មវិធីនយោបាយយ៉ាងខ្ជាប់ខ្ជួនស្របតាមស្មារតីអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៣ ឆ្នាំ២០២០ តាមបណ្តាភូមិ នៃសង្កាត់ទាំង៣ក្នុងក្រុងប៉ោយប៉ែត រយៈពេល ៦ថ្ងៃ ក្នុងអំឡុងសប្តាហ៍ទីពីរ នៃខែកក្កដា កន្លងទៅ។ ទន្ទឹមគ្នានេះ ជាការឆ្លើយតបតាមសំណូមពររបស់បងប្អូនក្នុងអង្គវេទិកា លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់ផ្សារកណ្ដាល រួមនឹងគ្រឿងចក្រចុះឈូសឆាយ ស្តាប្រព័ន្ធបង្ហូរទឹកកខ្វក់ ចាក់ដីបន្ថែម និងកៀរកិនបង្ហាប់ និងចាក់ថ្មមិចនៅកំណាត់ផ្លូវលំចំនួន ៣ខ្សែប្រវែងសរុបជាង ៩០០ម៉ែត្រ ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលំ ៣ខ្សែខាងលើ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ សូមមេត្តាយោគយល់ និងចូលរួមសហការជាមួយអាជ្ញាធរដោយជួយសម្រួលរុះរើតូប យ៉ាប ឬសំណង់ផ្សេងៗដែលបានសាងសង់លើដីចំណីផ្លូវ ព្រោះការកាយពង្រីកផ្លូវនឹងមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខាន។ ការសហការរបស់បងប្អូនប្រជាពលរដ្ឋ ចាត់ទុកជាវិភាគទានដ៏មានសារៈសំខាន់បំផុតក្នុងកិច្ចអភិវឌ្ឍន៍ភូមិ-សង្កាត់របស់យើងទាំងអស់គ្នាក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត។

សូមជម្រាបថា ចំពោះថវិកាចំណាយជួសជុល និងស្ថាបនាកំណាត់ផ្លូវលំ ១ខ្សែប្រវែង ៣១៥ម៉ែត្រ នៅចំណុចមណ្ឌល២ នាព្រឹកនេះ បានទទួលការឧបត្ថម្ភពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ជាថវិកាសរុបជាង ៤,០០០ដុល្លារអាមេរិក៕























ចេញផ្សាយថ្ងៃ:Sunday, August 09, 2020 rsatv-news.com