Friday, August 28, 2020

ក្រុមប្រឹក្សាខណ្ឌចំការមន ស្នើឲ្យគណៈបញ្ជាការឯកភាពខណ្ឌ បន្តបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន

អ្នកទស្សនា: Views
អ្នកនិពន្ធ:









(ភ្នំពេញ)៖ លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពខណ្ឌ លើការបង្ក្រាបបទល្មើស ការចុះរៀបចំសណ្តាប់ធ្នាប់ និងបង្ក្រាបល្បែងផ្សេងៗក្នុងមូលដ្ឋាន សម្រេចបានស្នាដៃ ដោយទទួលបានលទ្ធផលល្អ និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ដែលបានមកទទួលសេវា។

លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ខ្លួន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ យោធាភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង ០៥ ប្រធានផ្សារទាំង០២ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី បញ្ហាប្រឈមនៅតែកើតមានតាមសង្កាត់ ដូចជាការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ ការបង្កភាពអនាធិតេយ្យ បញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ បញ្ហាចរាចរណ៍ និងបញ្ហាគ្រឿងញៀន បញ្ហាសំណង់ជាដើម ដែលអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ។ ជាមួយគ្នានេះ លោក ព្រំ សំខាន់ ក៏បានលើកទឹកចិត្តដល់គណៈអភិបាលខណ្ឌ ក្នុងបន្តបង្ក្រាបបទល្មើស និងការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំក៏បានលើករបៀបវារៈមកពិភាក្សា និងដូចខាងក្រោម៖

១៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០
២៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា និងទិសដៅអនុវត្តការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
៣៖ ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីបុគ្គលិក រដ្ឋបាលខណ្ឌចំការមន។
៤៖ បញ្ហាផ្សេងៗ ។

លោកអភិបាលខណ្ឌចំការមន ក៏បានក្រើនរំលឹកដល់អាជ្ញាធរសង្កាត់ ត្រូវបន្តផ្សព្វផ្សាយពីវិធានការបង្កា និងទប់ស្កាត់ការរីករាលដាលរបស់ Covid 19 ជូនដល់ប្រជាពលរដ្ឋតាមលំនៅឋាន និងតាមសហគមន៍ ជាប្រចាំផងដែរ៕ ចេញផ្សាយថ្ងៃ:Friday, August 28, 2020 rsatv-news.com