Sunday, July 26, 2020

ឃាត់ខ្លួននគរបាលក្លែងក្លាយពាក់ផ្កាយ៣ម្នាក់ ដកហូតលុយដុល្លារខ្មោចចំនួន៥៨៩សន្លឹក, ជនសង្ស័យអាចមានបញ្ហាខួរក្បាល

អ្នកទស្សនា: Views
អ្នកនិពន្ធ:




(កំពង់ធំ)៖ សមត្ថកិច្ចនគរបាលនៃស្នងការខេត្តកំពង់ធំ បានឃាត់ខ្លួនបុរសម្នាក់ ដែលស្លៀកពាក់ក្លែងបន្លំ ជានគរបាលថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) នៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន ប្រាប់ភ្នាក់ងារព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះថា ការឃាត់ខ្លួននគរបាលក្លែងក្លាយពាក់ផ្កាយ៣នេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

លោកអធិការបន្តថា ជនសង្សយ័មានឈ្មោះ ហេង កែន ណាឌី អាយុ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ២១ E0 ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានចាប់ដកហូតវត្ថុតាងរួមមាន៖
១៖ ឯកសណ្ឋានគរបាល ការងារលេខ៤មួយកំផ្លេ មានស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់។
២៖ ក្រដាស់ប្រាក់ដុល្លារ (លុយសែន) ប្រភេទក្រដាស១០០ចំនួន ៥៨៩សន្លឹក។
៣៖ ទូរស័ព្ទដៃចំនួន២ គ្រឿង និងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។

សមត្តកិច្ចបានបញ្ជាក់ថា បុរសរូបនោះបានតាំងខ្លួន ធ្វើជាមន្ត្រីនគរបាលជាតិ បម្រើការងារផ្នែកប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋានជា នគរបាលជាតិថ្នាក់ ឧត្តមសេនីយ៍ឯក (ផ្កាយ៣)។ ជនសង្ស័យជាមនុស្សទើបចេញពីពន្ធនាគារព្រៃស ហើយអាចជាមនុស្សបែកឆ្វេង ក្លែងពាក់ឯកសណ្ឋានបែបនេះ។

ជនសង្ស័យត្រូវបានអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើការសាកសួរ ដើម្បីនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត និងកសាងសំណុំរឿងតាមនីតិវិធី៕

ចេញផ្សាយថ្ងៃ:Sunday, July 26, 2020 rsatv-news.com