Tuesday, June 30, 2020

មួយឆ្នាំគត់នៃការឡើងកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ, លោក គួច ចំរើន ណែនាំឱ្យមន្ត្រីបន្តខំបំរើសេវាសាធារណៈជូនប្រជាជនកាន់តែល្អ និងហាមដាច់ខាតការទារលុយខុសពីច្បាប់កំណត់

អ្នកទស្សនា: Views
អ្នកនិពន្ធ:




(ព្រះសីហនុ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានរយៈពេល១ឆ្នាំគត់ដែលលោក គួច ចំរើន ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ។

នៅថ្ងៃ២៩ ខែមិថុនា លោក គួច ចំរើន បានជួបសំណេះសំណាលជាមួយមន្ត្រីនៅសាលាខេត្តព្រះសីហនុ និងមន្ត្រីចូលនិវត្តន៍មួយចំនួនផង ដើម្បីជាការបង្ហាញភាពស្និទស្នាលជាមួយមន្ត្រី និងផ្តល់នូវការលើកទឹកចិត្តផងដែរ។

ទន្ទឹមនឹងការលើកទឹកចិត្តលោក គួច ចំរើន បានណែនាំឱ្យមន្ត្រីត្រូវខិតខំបំរើសេវាសាធារណៈជូនន្រជាជនឲ្យបានល្អ ឲ្យស័ក្តិសមជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋពិតប្រាកដ និងស្មោះត្រង់ព្រមទាំងបាន ហាមដាច់ខាតការទាលុយពីប្រជាពលរដ្ឋខុសពីអ្វីដែលច្បាប់បានកំណត់។ លោកអភិបាលខេត្ត បានបន្តថា «រយៈពេលមួយឆ្នាំកន្លង មកយើងទទួលបានសមិទ្ធិផលជាច្រើន។ សមិទ្ធិផលទាំងអស់នេះ គឺជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់»។

លោកបានបន្តថា ការងារអភិវឌ្ឍន៍មូលដ្ឋាន តាមរយៈគោលការណ៍ស្លឹក ត្នោត ខ្ចប់ស្ករត្នោត គម្រោងស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន៣៤ខ្សែ សម្រេចបានជិតរួចរាល់ហើយ នៅរៀបចំខឿន ក្រាលការ៉ូឡា ដាំដើមឈើ ផ្កា ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុបចរាចរណ៍ និងកាំម៉ារ៉ាសុវត្ថិភាពចំនួន ៥៣៣គ្រឿង។

ម្យ៉ាងទៀតការប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារ ដែលផ្តល់ទៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការស្ថាបនាផ្លូវចំនួន ១១ខ្សែ ប្រវែង ៥៩.១៦២ ម៉ែត្រ ការស្ដាអូរ ប្រឡាយធម្មជាតិ ៥ខ្សែកំពុងដំណើរការ រីឯការងាររៀបចំកែលម្អសម្អាតឆ្នេរសមុទ្រប្រវែង ១៦.៩៤០ម៉ែត្រ រៀបចំខ្ចុសតាមគំរូគណកមកមការឆ្នេរ ៤៣ខ្ចុសហើយដែរ។ ការទទួលបានសមិទ្ធិផលនេះ ដោយសារមានការចូលរួមគាំទ្រពីមន្ត្រីរាជការ និងមហាជន។ ទៅមុខទៀត យើងនៅមានកិច្ចការជាច្រើនទៀតដែលដែលត្រូវធ្វើ សម្រាប់ប្រជាពលរដ្ឋជំនាន់ក្រោយ។

បើតាមលោក គួច ចំរើន ទន្ទឹមនឹងការងារអភិវឌ្ឍន៍ ការពង្រឹងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាដែរ។ ក្នុងរយៈ១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសរួមមាន៖

*បង្ក្រាបបានចំនួន៥០៧ករណី
*ឃាត់ខ្លួនជនសង្ស័យ ១,១៨៥នាក់
*ក្នុងនោះ បទល្មើសឧក្រិដ្ឋ ៩៧ករណី មជ្ឈឹម ៤១០ករណី ដកហូតអាវុធវែងបាន ៤ដើម អាវុធខ្លី ៣៦ដើម និងគ្រាប់ ៣,០៣៨
*បង្ក្រាបគ្រឿងញៀនចំនួន ៣០០ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦៥៦នាក់ និងដកហូតថ្នាំញៀនគ្រប់ប្រភេទបាន ៣៣,៦៨គីឡូក្រាមផងដែរ៕

ចេញផ្សាយថ្ងៃ:Tuesday, June 30, 2020 rsatv-news.com