Friday, June 19, 2020

អភិបាលរាជធានីភ្នំពេញ បញ្ជាមិនឲ្យរថយន្ដដឹកដី ដឹកខ្សាច់ ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់

អ្នកទស្សនា: Views
អ្នកនិពន្ធ:















(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាថ្មីមួយ ដោយផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដដឹកដី ដឹកខ្សាច់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ក្រោយរថយន្ដទាំងនេះបានបង្កគ្រោះថ្នាក់ញឹកញ៉ាប់ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅសាលារាជធានីភ្នំពេញ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ លោក ឃួង ស្រេង បានអះអាងថា អាជ្ញាធរមិនហាមឃាត់ការចាក់ដី ចាក់ខ្សាច់ នៅតំបន់អភិវឌ្ឍន៍ជើងឯកនោះទេ ប៉ុន្ដែគ្រាន់តែបង្វែរទិសចរាចរណ៍ សម្រាប់រថយន្ដដឹកដី ដឹកខ្សាច់កុំឲ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវ៦០ម៉ែត្រ ជាបណ្ដោះអាសន្នសិន។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ចេញវិធានការនេះ គឺដោយសារតែកន្លងមកសង្កេតឃើញថា ការដឹកដី ដឹកខ្សាច់ កាត់ផ្លូវនេះបានបង្កឲ្យប្រឡាក់ នៅលើទ្រូងផ្លូវ កកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យខូចផ្លូវផងដែរដូច្នេះ អាជ្ញាធរត្រូវតែមានវិធានការដើម្បីរក្សាផ្លូវនេះ ឲ្យនៅតែល្អស្អាតជានិច្ច ខណៈដែលកំណាត់ផ្លូវនេះ កន្លងមកត្រូវបានសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវនេះជាផ្លូវដែលអាចឲ្យយន្តហោះចុះចតបាន។
ពាក់ព័ន្ធនឹងវិធានការខាងលើនេះ លោក ឃួង ស្រេង បានឲ្យដឹងទៀតថា មុននឹងមានវិធានការណ៍បិទការធ្វើចរាចរណ៍សម្រាប់រថយន្តដឹកដី ដឹកខ្សាច់ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រនេះ អាជ្ញាធរត្រូវកោះប្រជុំជាមួយម្ចាស់អាជីវកម្មទាំងអស់ ដើម្បីណែនាំឲ្យពួកគាត់បានដឹង និងត្រៀមបង្វែរពីការចាក់ដី ទៅជាការជីកដាក់បំពង់ទុយោ ដើម្បីបូមខ្សាចដាក់ចូលតំបន់ខាងលើនេះវិញ ដោយនឹងទុករយៈពេលឲ្យពួកគាត់ពី១ខែ ទៅ២ខែ ដើម្បីជីកដាក់បំពង់ទុយោនេះ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ រថយន្តដឹកដី ដឹកខ្សាច់នេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ប្រជាពលរដ្ឋ ៥នាក់ របួសធ្ងន់៧នាក់ និងស្រាល២នាក់៕

ចេញផ្សាយថ្ងៃ:Friday, June 19, 2020 rsatv-news.com