Saturday, May 9, 2020

សហគមន៍ប្រជាជនក្រីក្រជ្រោយចង្វារ២០០គ្រួសារ ទទួលអំណោយស្បៀងអាហារ និងសម្ភារសម្លាប់មេរោគ ពីគម្រោងបរិច្ចាគអំណោយសប្បុរសធម៌រ៉ូតថារី

អ្នកទស្សនា: Views
អ្នកនិពន្ធ:
(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរស់នៅភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំនួន២០០គ្រួសារ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ទទួលបានអំណោយជាស្បៀងអាហារ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារសម្លាប់មេរោគពី «គម្រោងបរិច្ចាគអំណោយសប្បុរសធម៌ រ៉ូតថារី»។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ចៅសង្កាត់ជ្រោយចង្វារ រួមទាំងប្រធាន រ៉ូតថារីក្លឹបភ្នំពេញចតុមុខ, រ៉ូតថារីក្លឹបភ្នំពេញខេពីថល និងរ៉ូតថារីក្លឹបភ្នំពេញសេនត្រល ដែលជាអង្គការអន្ដរជាតិមួយ ផ្ដោតទៅលើគម្រោងបរិច្ចាគអំណោយសប្បុរសធម៌។
ក្នុងឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានថ្លែងអំណរគុណ ដល់គម្រោងបរិច្ចាគអំណោយសប្បុរសធម៌ រ៉ូតថារី ដែលតែងតែសកម្មក្នុងការចូលរួម សម្រាលទុកលំបាក ដល់ប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះបំផុតនៅកម្ពុជា។ នេះជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។
លើសពីនោះ ដោយបច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាបណ្ដាប្រទេសលើសកលលោក កំពុងតែជួបវិបត្ដិដោយសារជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងមួយដ៏កាចសាហាវ បន្ដរាតត្បាតរហូត ដល់តែជាង២០០ប្រទេសលើពិភពលោក ហើយមានអ្នកឆ្លងប្រមាណជាង៤លាននាក់ ស្លាប់ជាង២៧ម៉ឺននាក់ ករណីជាសះស្បើយមានចំនួនជិត ១.៤លាននាក់ប៉ុណ្ណោះ។ ក្នុងនោះកម្ពុជា អ្នកឆ្លងជំងឺកូវីដ១៩ សរុប១២២នាក់ មិនមានករណីស្លាប់នោះឡើយ ហើយជាសះស្បើយរហូតដល់ទៅ១២០នាក់។
លោកស្រីថ្លែងបន្ដថា «ត្បិតណាស់កម្ពុជា អត្រាឆ្លងមិនច្រើនដូចបណ្ដាប្រទេសលើសលកលោកនោះទេ ប៉ុន្ដែត្រូវតែបន្ដប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល គឺត្រូវរក្សាគម្លាត អនាម័យដៃស្អាតលាងជាមួយសាប៊ូ អាកុល ជែល កុំទៅទីប្រជុំជន និងតាមសាធារណៈ បើមិនចាំបាច់ ព្រោះវាងាយឆ្លង និងអាចផ្ទុះឡើងនូវរលកទី២ ដែលបង្កហានិភ័យខ្ពស់ដល់ជីវិត។ ដូច្នេះហើយ ទើបទាមទារឱ្យពលរដ្ឋយើងទាំងអស់កុំភ្លេចការពារខ្លួនឱ្យសោះ ពីជំងឺកូវីដ១៩ វាមិនភ្លេចយើងឡើយ»។
ទន្ទឹមនឹងនោះផងដែរ ប្រធានក្លឹមរ៉ូតថារី ទាំង៣ បានលើកឡើងស្រដៀងៗគ្នាថា ពិតណាស់ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ក្រុមការងារ «ក្លឹបរ៉ូតថារី» បាននាំយកនូវអំណោយគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនពលរដ្ឋកំពុងជួបការលំបាក នៅសង្កាត់ជ្រោយចង្វារនេះ។
នេះមិនមែនជាលើកទីមួយនោះទេ ហើយសម្រាប់គោលដៅនៅមានជាបន្ដបន្ទាប់ ហើយកន្លងមក ក្រុមការងារ «ក្លឹបរ៉ូតថារី» ក៏បាននាំយកនូវសម្ភារបរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតាមបណ្ដាគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យធំៗដូចជាមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតជាដើម និងតាមមន្ទីរពេទបង្អែកខេត្ដនានា រួមទាំងចុះជួយសម្រាលកាលលំបាក ដល់ប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗទៀត។
សូមជម្រាបថា គម្រោងបរិច្ចាគអំណោយសប្បុរសធម៌ រ៉ូតថារី បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅខណ្ឌជ្រោយចង្វាររួមមាន៖ អង្ករ, ឃីតមួយមាន (មី, ទឹកត្រី ទឹកស៊ីអ៊ីវ, និងសម្ភារមួយចំនួនទៀត។ ក្រៅពីគ្រឿងឧបភោគ បរិភោគទាំងនេះ ក្រុមការងារ «ក្លឹបរ៉ូតថារី» បាននាំយកនូវសម្ភារ សម្រាប់សម្លាប់មេរោគកូវីដ១៩ មានដូចជា៖ ម៉ាស អាល់កុល និងជែល ជូនដល់ប្រជាពលរដ្ឋទាំង២០០គ្រួសារនេះផងដែរ។
សូមបញ្ជាក់ថា «ក្លឹបរ៉ូតថារី» ជាអង្គការអន្តរជាតិមួយកើតចេញពីបណ្តុំសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មនានា ដែលមានអាយុកាលប្រមាណជា១០០ឆ្នាំមកហើយ។ អង្គការនេះមានបេសកកម្មធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមលើវិស័យអប់រំ, មន្ទីរពេទ្យ, ការគាំពារទារក និងមាតា, ទឹកស្អាត, សហគមន៍ក្រីក្រ និងក្មេងកំព្រាទុរគត។
សម្រាប់ «រ៉ូតថារីក្លឹបភ្នំពេញចតុមុខ, រ៉ូតថារីក្លឹបភ្នំពេញខេពីថល និងរ៉ូតថារីក្លឹបភ្នំពេញសេនត្រល» ជាសាខានៅក្នុងប្រទេសកម្ពុជា ក៏បាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មផងដែរ ដើម្បីរួមចំណែកជួយដល់សង្គម៕
ចេញផ្សាយថ្ងៃ:Saturday, May 09, 2020 rsatv-news.com