Saturday, April 4, 2020

អភិបាលខេត្តស្វាយរៀង៖ អាជ្ញាធរគ្រប់លំដាប់យកចិត្តទុកដាក់បំផុត ចាត់តាំងមន្ត្រីសុខាភិបាលពិនិត្យ និងតាមដានសុខភាពពលករខ្មែរមកពីបរទេស ជាពិសេសថៃ

អ្នកទស្សនា: Views
អ្នកនិពន្ធ:














(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងជម្រាបជូនលោកអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ ដោយបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ពុំទាន់មានប្រជាពលរដ្ឋខេត្តស្វាយរៀងណាម្នាក់ឆ្លងជំងឺកូវីដ១៩ នៅឡើយទេ។

លោកថា ចំពោះប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ត្រូវបានអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត យកចិត្តទុកដាក់បំផុត តាមរយៈការចាត់តាំងមន្ត្រី សុខាភិបាលធ្វើការពិនិត្យ និងតាមដានសុខភាពជាប្រចាំ ព្រមទាំងតម្រូវឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ និងក្នុងករណីមានការសង្ស័យបញ្ជូនទៅពិនិត្យព្យាបាលជាបន្ទាន់ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋដែលខេត្តបានត្រៀមទុកទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុងស្រុក។

ការថ្លែងបញ្ជាក់យ៉ាងដូច្នេះនៅគ្រាដែលលោក ម៉ែន វិបុល អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាចំនួន ៩លានរៀលពីលោក សុខ ឥសាន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា សម្រាប់យកទៅចាត់ចែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ក្នុងនោះ ឧបត្ថម្ភរដ្ឋបាលខេត្តស្វាយរៀង ថវិកា ១លានរៀល និងឧបត្ថម្ភដល់ក្រុង ស្រុកទាំង៨ ក្នុង ១ក្រុង ស្រុក ថវិកា ១លានរៀល។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ លោកនាយករដ្ឋបាលសាលាខេត្ត និងលោកអភិបាលក្រុង ស្រុកទាំង៨។

លោកអភិបាលខេត្ត បានអំណរគុណចំពោះលោក សុខ ឥសាន និងប្រតិភូព្រឹទ្ធសភា ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនាំយកថវិកាឧបត្ថម្ភដល់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុក ដែលថវិកាទាំងនេះពិតជាមានសារៈសំខាន់ណាស់ ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង កំពុងអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះថវិកាទាំងអស់ដែលទទួលបាននៅថ្ងៃនេះ នឹងត្រូវយកទៅចាត់ចែងសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងការគាំទ្រដល់ដំណើរការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ចេញផ្សាយថ្ងៃ:Saturday, April 04, 2020 rsatv-news.com