Monday, April 27, 2020

ACE ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាមួយឆ្នាំពេញចំនួន២០០កន្លែង ដល់សិស្ស និស្សិតគ្រប់កម្រិត

អ្នកទស្សនា: Views
អ្នកនិពន្ធ:









(ភ្នំពេញ)៖ ខណៈរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យស្ថាប័នអប់រំនានា បន្តជួយសិស្សនិស្សិតដើម្បីបន្តបង្កើនចំណេះដឹង រួមទាំងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ឬ ពីចម្ងាយដើម្បីចៀសវាងនូវជំងឺកូវីដ១៩ មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល (ACE ) បានដាក់កម្មវិធីសិក្សា ដោយប្រើប្រាស់បច្ចេកវិទ្យា និងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកថ្មីទំនើប។

ជាមួយនឹងការគាំទ្រពីសំណាក់ស្ថាប័ន IDP Education ក្រោមកម្មវិធីកិច្ចការសង្គមក្នុងវិស័យអប់រំ ACE ប្រកាសផ្តល់ជូនសិស្សនិស្សិតនូវអាហារូបករណ៍មួយរយភាគរយ សម្រាប់ការសិក្សាភាសាអង់គ្លេសរយៈពេលមួយឆ្នាំពេញចំនួន ២០០កន្លែង ដើម្បីសិក្សានៅសាខាណាមួយក្នុងចំណោមទីតាំង៦ចំនួន ដោយរួមទាំងទីតាំងថ្មីនៅតាខ្មៅផងដែរ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងACE បានថ្លែងថា៖ កំឡុងពេលដែល ACE គ្រប់ទីតាំងផ្អាកការបង្រៀនក្នុងថ្នាក់ ដោយប្រើប្រាស់បច្ចេកវិទ្យានិងនិយាមសិក្សាធិការទំនើបជំនួសវិញ ដែលអាចឱ្យសិស្សនិស្សិតសន្ទនាជាមួយលោកគ្រូអ្នកគ្រូ និងមិត្តរួមថ្នាក់ ព្រមទាំងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ (education apps) កំពុងត្រូវបានអនុវត្ត ក្នុងការបន្តផ្តល់នូវការអប់រំ ដែលមានគុណភាពដល់សិស្សរបស់ខ្លួនទាំងអស់។
តាមរយៈការផ្តល់នូវអាហារូបករណ៍មួយឆ្នាំពេញចំនួន២០០កន្លែងនេះ នឹងផ្តល់ឱកាសនូវការអប់រំដែលមានគុណភាពនេះ ដល់សិស្សនិស្សិត ដែលអាចជួបសម្រាលការលំបាកក្នុងការបន្តការសិក្សា ឫមានកង្វះខាតផ្នែកហិរញ្ញវត្ថុក្នុងកំឡុងពេលដ៏លំបាកនេះ។
លោក Ashley Irving ចាងហ្វាងACE បានថ្លែងថា៖ ដើម្បីបន្តជ្រោមជ្រែងការសិក្សារបស់សិស្សនៅគេហដ្ឋាន ក្រុមការងារបច្ចេកទេសខាងអប់រំតាមប្រព័ន្ធអេឡិចត្រូនិកបាន និងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងរយៈពេលប៉ុន្មានខែនេះ ដើម្បីផ្តល់ជូនសិស្ស និស្សិត នូវបទពិសោធន៍សិក្សាដែលមានវិសាលភាព។ «ក្រុមការងារយើងខ្ញុំ មិនត្រឹមតែជ្រើសរើសយកកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដែលនាំមុខលើពិភពលោកដូចជា Zoom for Education, ClassDojo និង Google Classroom មកប្រើប្រាស់ប៉ុណ្ណោះទេ តែក៏បានបង្កើតនូវវីដេអូណែនាំ ថ្នាក់រៀនបង្ហាញពីគន្លឹះនៃការរៀនពីចំងាយ និងថ្នាក់បង្ហាត់នូវការប្រើប្រាស់ប្រព័ន្ធសិក្សាផ្សេងៗ ដើម្បីផ្តល់ជូនដល់សិស្ស និស្សិតទាំងអស់នូវចំណេះ និងជំនាញសំរាប់ជាប្រយោជន៍ដល់ការសិក្សារបស់គាត់»។
កញ្ញា ម៉ម ជូលីណា និងលោក Andrew Millar ដែលជាអ្នកទទួលរ៉ាប់រងនូវកិច្ចការលើកកំពស់បទពិសោធន៍សិក្សារបស់សិស្ស បានឱ្យដឹងថា កម្រិតនៃចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិករបស់ សិស្ស និស្សិត និងលោកគ្រូអ្នកគ្រូបានអភិវឌ្ឍយ៉ាងខ្លាំងគួរអោយកត់សម្គាល់។
កញ្ញា សុខេង បញ្ចនាថ ដែលជាគ្រូបង្រៀន និងអ្នកឯកទេសផ្នែកអប់រំបានលើកឡើងថា លោកគ្រូ អ្នកគ្រូ នៅសាលាACE តែងតែបង្ហាញនូវអារម្មណ៍វិជ្ជមាន ក្នុងការអនុវត្តការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជំនួយដល់ការសិក្សារបស់សិស្សនៅតាមគេហដ្ឋាន។ បច្ចេកវិទ្យាមិនអាចជំនួសគ្រូបង្រៀនបានទេ ប៉ុន្តែគ្រូបង្រៀនដែលមានភាពច្នៃប្រឌិតអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជំនួយដល់ការសិក្សារបស់សិស្ស ឱ្យមានភាពជោគជ័យ ដោយជាពិសេស ផ្តោតទៅលើគោលការណ៍រក្សាសុខភាព និងសុវត្ថិភាពរបស់សិស្ស មាតាបិតា លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់នៅក្នុងស្ថានភាពជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះ។
ឆោម សុវណ្ណរ៉ូហ្សា សិស្សសាលាACE កំពុងសិក្សាកម្មវិធីសិក្សាអង់គ្លេសកម្រិតទូទៅបាននិយាយថា៖ មុនដំបូង ខ្ញុំគិតថាការរៀនតាមប្រព័ន្ធអនឡាញមានភាពលំបាក ប៉ុន្តែក្រោយពីបានរៀនមួយរយៈមក ខ្ញុំបានឃើញថាវាមានចំណុចល្អ និងគួរអោយចាប់អារម្មណ៍ជាច្រើន ដែលធ្វើឱ្យខ្ញុំចង់បន្តការសិក្សាតាមប្រព័ន្ធអនឡាញ»៕

ចេញផ្សាយថ្ងៃ:Monday, April 27, 2020 rsatv-news.com