Wednesday, March 18, 2020

រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក៖ សន្តិសុខព័ត៌មានជាបញ្ហាមួយដ៏មានសារៈសំខាន់ ប្រសិនមិនម្ចាស់ការលើបញ្ហានេះបានទេ ប្រាកដជាជួបនូវបញ្ហាប្រឈម

អ្នកទស្សនា: Views
អ្នកនិពន្ធ:









(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពី ស្ថានភាព យន្តការឆ្លើយតប បញ្ហាបន្ទាន់នៃកុំព្យូទ័រ (Cambodia Computer Emergency Response Team–CAMCERT) និងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cybersecurity)។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានថ្លែងថា បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និងវិស័យឌីជីថល កាន់តែរីកចម្រើនឡើង ហើយយើងនឹងឈាន ទៅអនុវត្តន៍ នូវរដ្ឋាភិបាលឌីជីថល ជំរុញនូវសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់នូវអ៊ីនធឺណិតនៃវត្ថុ (IoT) និងការចូលរួមប្រើប្រាស់ នូវបច្ចេកវិទ្យាដែលជំរុញនូវបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤.០។
លោករដ្ឋមន្ដ្រី បានបន្ដថា «សន្តិសុខព័ត៌មាន គឺជាបញ្ហាមួយដ៏មានសារៈសំខាន់ណាស់ ប្រសិនបើយើងមិនម្ចាស់ការ លើបញ្ហានេះបានទេ ការជំរុញរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល គឺប្រាកដជាជួបនូវបញ្ហាប្រឈមជាមិនខាន»។
លើសពីនេះទៅទៀត សេដ្ឋកិច្ចឌីជីថល ពិសេសពាណិជ្ជកម្មអេឡិកត្រូនិក និងការទូទាត់អនឡាញ ពុំទាន់បានដំណើរការ ទៅដោយរលូននៅឡើយ ដែលអាចបណ្តាល មកពីការព្រួយបារម្មណ៍ខ្លាចមានការវាយប្រហារ ពីអ៊ីនធឺណិត និងការជ្រៀតចូល លួចយកព័ត៌មានជាដើម ដែលជាហេតុធ្វើ ឲ្យសកម្មភាពពាណិជ្ជកម្មអេឡិកត្រូនិក នៅមានទំហំតូចនៅឡើយ។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានបន្ថែមទៀតថា ហេតុដូច្នេះ ពេលដែលយើងត្រូវការពង្រីក គឺយើងចាំបាច់ ត្រូវតែពង្រឹងនូវបញ្ហាសន្តិសុខ និងសុវត្ថិភាពអ៊ីនធឺណិត ទាំងផ្នែកបច្ចេកទេស បទដ្ឋានគតិយុត្ត និងធនធានមនុស្ស។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានបន្តថា ប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក គឺចាប់ផ្តើមដំបូង តែងតែបង្កើតនូវយន្តការ ឆ្លើយតបបញ្ហាបន្ទាន់ នៃកុំព្យូទ័រ (CERT/CSIRT) ស្ទើរគ្រប់ប្រទេស ប៉ុន្តែតាមរយៈយន្តការនេះ ការងារគឺនៅមានកម្រិតទាបនៅឡើយ ដោយគ្រាន់តែធ្វើការ សម្របសម្រួល ដោះស្រាយឧប្បទេវេហតុ សន្តិសុខអ៊ីនធឺណិតតែប៉ុណ្ណោះ។
ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដែលបណ្តាលមកពីការកើនឡើង នូវការវាយប្រហារពីសំណាក់ឧក្រិដ្ឋជន បច្ចេកវិទ្យាកាន់តែមានលក្ខណៈធំទៅៗ និងស្មុគស្មាញ ផងនោះ ការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមានលក្ខណៈថ្នាក់ជាតិ ត្រូវតែបង្កើតឡើង ដោយក្នុងនោះ គឺត្រូវពង្រីកនូវវិសាលភាព ឲ្យទូលំទូលាយ ជាងនេះទៀត ដោយធ្វើការរៀបចំច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានបញ្ជាក់ថា ដើម្បីជំរុញឲ្យវិស័យឌីជីថល កាន់តែមានការរីកចម្រើន ទូលំទូលាយ សម្រាប់ប្រើគ្រប់វិស័យទាំងអស់ជាពិសេស សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល យើងត្រូវធ្វើយ៉ាងណា ឲ្យមានភាពម្ចាស់ការលើបញ្ហាសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕

ចេញផ្សាយថ្ងៃ:Wednesday, March 18, 2020 rsatv-news.com