អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូ ប្រទេសកាណាដា បើកគម្រោងស្រាវជ្រាវមួយឈ្មោះ “គម្រោងព្រះវិហារអង្គរ” (Angkor Vihara Project) ដោយបានធ្វើការសម្អាតទីតាំងខឿនព្រះពុទ្ធសាសនាថេរវាទ ចំនួន៨ទីតាំង នៅក្នុងក្រុងអង្គរធំ ហើយបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវសាកល្បងពីរទីតាំង។ គម្រោងនេះមានរយៈពេលជិត១ខែ ចាប់ផ្តើមពីថ្ងៃទី១១ ខែមករា ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Andrew Harris អ្នកគ្រប់គ្រងគម្រោង Angkor Vihara Project ដែលជាបុរាណវិទូនៃសាកលវិទ្យាល័យជាតិតូរូនតូបានឲ្យដឹងថា ការរកឃើញខឿនព្រះវិហារព្រះពុទ្ធសាសនានៅអង្គរធំ គឺជាង ១០០ឆ្នាំមកហើយដោយជនជាតិអាមេរិក បារាំង និងខ្មែរ ដែលមានចំនួនសរុប ៧០កន្លែង។ ប៉ុន្តែការធ្វើកំណាយស្រាវជ្រាវសាកល្បង គឺតែ ២ខឿនព្រះវិហារព្រះពុទ្ធសាសនាទេ។
កន្លងមក មានការស្រាវជ្រាវតិចតួចណាស់អំពីសំណង់ខឿនពុទ្ធសាសនាថេរវាទនៅអង្គរ ដូច្នេះទើបសាកលវិទ្យាល័យជាតិតូរូនតូ សហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើកំណាយសាកល្បងដើម្បីដឹងពីរចនាសម្ព័ន្ធសំណង់។ សំណង់នេះសាងសង់ពីស.វទី១៣ ដល់ទី១៧ នៃគ្រឹស្តសករាជ។
តើប្រាសាទព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយានសម័យអង្គរ ខុសគ្នាពីសំណង់ពុទ្ធសាសនាថេរវាទសម័យកណ្តាលដែលជាសម័យអន្តរកាលដូចម្ដេច?
លោក Andrew បន្តថា ការស្រាវជ្រាវជំហានដំបូង គឺសម្អាតទីតាំងខឿនព្រះវិហារចំនួន ៨កន្លែងផ្សេងៗគ្នា និងធ្វើកំណាយ ២ទីតាំង។ ទីតាំងទី១ ស្ថិតនៅខាងជើងក្លោងទ្វារទន្លេអុំ ចម្ងាយប្រហែល ៥០០ម បានរកឃើញបំណែកកុលាលភាជន៍ខ្មែរ-ចិន បំណែកព្រះហស្ថព្រះពុទ្ធ ទំហំប្រវែង ៣៥សង់ទីម៉ែត្រ បល្ល័ង្ក និងរូបរាងរចនាសម្ព័ន្ធព្រះវិហារ។
ទីតាំងទី២ ស្ថិតនៅខាងលិចក្លោងទ្វារតាកាវប្រហែល ៦០០ម គឺមិនមានចេតិយនៅក្រោយព្រះវិហារទេ មានតែខឿនរាបស្មើ មានផ្លូវចូលប្រវែង ៥០ម៉ែត្រ មានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ និងមានបល្ល័ង្កខ្ពស់នៅពីលើខឿន។
លោកបន្តថា រីឯផ្នែកខាងត្បូង មានខឿនខ្ពស់ សម្រាប់ព្រះសង្ឃគង់។
បន្ថែមពីនោះមាន យ៉នៅមុខព្រះវិហារធ្វើពីថ្មភក់ និងថ្មបាយក្រៀម ដែលមានស្លាកស្នាមមានដំបូលប្រក់ក្បឿង និងមានដំរីនៅពីមុខផ្លូវចូលចំនួនមួយ ដែលដេកដួលជាមួយសន្លឹកសីមា (តាមការសន្និដ្ឋានគួរតែមានដំរី ១គូ) ដែលដូចទៅនឹងខឿនព្រះវិហារ នៅប្រាសាទតាទួត មានផ្លូវចូលក្រាលថ្មភក់លាយថ្មបាយក្រៀម និងដំរីអមផ្លូវ១គូ។
លោក អ៊ា ដារិទ្ធ អ្នកសម្របសម្រួលគម្រោងតំណាងភាគីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា លទ្ធផលដែលបានរកឃើញទាំងនេះសបញ្ជាក់ថា ខឿនព្រះពុទ្ធសាសនាថេរវាទពិតជាមានប្រាកដ មានរូបរាង និងទំហំខុសៗគ្នាច្រើនប្រភេទ នៅអង្គរធំ។ ខឿនទាំងនេះ បង្ហាញពីការចាប់ផ្តើមនៃសំណង់ព្រះពុទ្ធសាសនាថេរវាទនៅតំបន់អង្គរ ក៏ដូចនៅស្រុកខ្មែរទាំងមូល។ ទៅអនាគត គេត្រូវធ្វើបញ្ជីខឿនព្រះពុទ្ធសាសនាទាំងនេះ បែងចែកប្រភេទ ធ្វើកំណាយស្រាវជ្រាវ និងប្រៀបធៀបជាមួយសំណង់ប្រភេទនេះ នៅក្នុងតំបន់។
គួរបញ្ជាក់ដែរថា នេះជាស្ថាប័នទី៣ ហើយដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីកំណាយស្រាវជ្រាវពីការវិវត្តន៍នៃរចនាសម័្ពន្ធព្រះវិហារព្រះពុទ្ធសាសនាថេរវាទ បន្ទាប់ពីសាលាបារាំងចុងបូព៌ា និងស្ថាប័នណារ៉ានៃប្រទេសជប៉ុន។ ខឿនព្រះវិហារព្រះពុទ្ធសាសនាថេរវាទ នៅក្នុងក្រុងអង្គរធំ មានចំនួន ៧០ទីតាំង អាយុកាលចាប់ពីស.វទី១៣ ដល់ ១៧ មានរូបរាងខុសគ្នាតាមសម័យកាល។
រូបថត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
<<
ផ្សាយពាណិជ្ជកម្ម
0 Reviews:
Post a Comment