Monday, February 10, 2020

អ្នកជំនាញព្រមាន៖ ចិនអាចនឹងខាតបង់ការផលិតរថយន្ដ១លានគ្រឿង ខណៈរោងចក្រផលិតរថយន្ដជាច្រើនបង្ខំចិត្តបិទទ្វារ ដោយសារតែវីរុសកូរ៉ូណា

អ្នកទស្សនា: Views
អ្នកនិពន្ធ:


(ប៉េកាំង)៖ ក្រុមអ្នកជំនាញខាងឧស្សាហកម្មរថយន្ដ បានព្រមានថាចិន អាចនឹងខាតបង់ការផលិតរថយន្ដមួយលានគ្រឿង ខណៈរោងចក្រផលិតរថយន្ដជាច្រើន នៅក្នុងប្រទេស បានបង្ខំចិត្តបិទទ្វារជា


បណ្ដោះអាសន្ន ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ បើតាមអ្នកជំនាញដូចជាលោក Michael Dunne ដែលជានាយកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកឧស្សាហកម្មរថយន្ដអាស៊ី ZoZo Go ក្រុមហ៊ុនផលិតរថយន្ដជាច្រើន ដែលមាន រោងចក្រនៅក្នុងប្រទេសចិន បានឱ្យដឹងថា ពួកគេគ្រោងនឹងបើករោងចក្រឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ប៉ុន្តែមានក្រុមហ៊ុនខ្លះអាចនឹងបន្តបិទទ្វាររោងចក្ររបស់ខ្លួន ជាបណ្ដោះអាសន្នយូរជាងនេះក៏ថា ស្របពេលការស្លាប់ និងការឆ្លងវីរុសដូចជាមិនទាន់មានភាពធូរស្រាលទាល់តែសោះ។ លោក Dunne បន្ថែមថា ការបិទទ្វាររោងចក្រ នៅក្នុងប្រទេសចិន ពីសំណាក់ក្រុមហ៊ុនផលិតរថយន្ដធំៗ អាចនឹងធ្វើឱ្យចិនខាតបង់ការផលិតរថយន្ដមួយលានគ្រឿង ហើយវាអាចនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៅតាមរយៈ ពេលនៃការបិទរោងចក្រ។ គួរបញ្ជាក់ថា ទីក្រុង Wuhan នៃខេត្ត Hubei ត្រូវបានគេចាត់ទុកថាគឺជាមូលដ្ឋានមួយសម្រាប់ឧស្សាហកម្មរថយន្ដរបស់ចិន ដោយមានក្រុមហ៊ុនជាច្រើនកំពុងឈរជើង ដូចជា Nissan, Kia, Peugeot, និង Honda។ ក្រុមហ៊ុន Nissan ផលិតរថយន្ដ១.៥លានគ្រឿងក្នុងមួយឆ្នាំនៅក្នុងទីក្រុង Wuhan រីឯក្រុមហ៊ុន Honda ផលិតបាន ៧០០,០០០ គ្រឿង។ ក៏ប៉ុន្តែបច្ចុប្បន្ន ឧស្សហកម្មចិន កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ក្រោយក្រុមហ៊ុនផលិតរថយន្ដដូចជា Ford Nissan Toyota និង Honda ជាដើមប្រកាសបិទរោងចក្ររបស់ខ្លួនជាបណ្ដាអាសន្ន ដោយសារតែវីរុសកូរ៉ូណា ខណៈក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានសម្រេចបិទរោងចក្រខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែកង្វះខាតគ្រឿងបន្លាស់ ដែលត្រូវការការផ្គត់ផ្គង់ជាចាំបាច់មកពីប្រទេសចិន។ ដោយឡែកនៅប្រទេសកម្ពុជា បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រសិនជារោងចក្រនៅប្រទេសចិន បន្តបិទលើសចុងខែកុម្ភៈទៀតនោះ មានរោងចក្រមួយចំនួននៅកម្ពុជា អាចប្រឈមនឹងការបិទទ្វារបណ្តោះអាសន្នដោយសារកង្វះវត្ថុធាតុដើមនាំចូលពីប្រទេសចិន។ សូមជំរាបថា នៅចំពោះមុខការវាយលុកពីសំណាក់វីរុសកូរ៉ូណាប្រភេទថ្មី រោងចក្រជាច្រើននៅទូទាំងប្រទេសចិន បាននិងកំពុងបន្តបិទទ្វារនៅឡើយ ហើយអាចបន្តបែបនេះរហូតដល់ យ៉ាងហោចក៏សប្តាហ៍ក្រោយដែរ។ ខណៈចិនជាអ្នកដែលនាំចេញធំជាងគេខាងផ្នែកវត្ថុធាតុដើម និងផលិតផល មិនទាន់សម្រេច ដែលត្រូវយកទៅប្រើប្រាស់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ នៅជុំវិញពិភពលោកនោះ ការបន្តផ្អាកប្រតិបត្តិការរោងចក្រ នៅក្នុងប្រទេស ឧស្សាហកម្មដ៏ធំមួយនេះ កាន់តែយូរប៉ុនណា វានឹងជះផលអវិជ្ជមានកាន់តែអាក្រក់ទៅតាមនោះដែរ ដល់ប្រតិបត្តិការអាជីវកម្មនៅតាមប្រទេស ដទៃៗទៀត ជាពិសេសបណ្តាប្រទេសនៅតំបន់អាស៊ី ដែលពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់របស់របរទាំងនោះពីចិន៕


ចេញផ្សាយថ្ងៃ:Monday, February 10, 2020 rsatv-news.com