Friday, January 3, 2020

ទេសរដ្ឋមន្ត្រី គន់ គីម បានអញ្ជើញដល់ទីតាំងបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែបហើយ ដើម្បីចូលរួមជួយសង្គ្រោះជនរងគ្រោះជាប់ក្រោមគំនរអគារ

អ្នកទស្សនា: Views
អ្នកនិពន្ធ:

(កែប)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅម៉ោងប្រមាណជាង៦ល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ បានជិះឧទ្ធម្ភាគចក្រដល់កន្លែងកើតហេតុ នៃការបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែបហើយ ដើម្បីចូលរួមដឹកនាំបញ្ជាការសង្គ្រោះ ជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរអគារ។
កម្មករជាជនរងគ្រោះប្រមាណជា ១៦នាក់ហើយ ត្រូវបានជួយសង្គ្រោះចេញពីក្រោមគំនរអគារ គិតត្រឹមវេលាម៉ោងប្រមាណ៦៖៥០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ មន្ត្រីខេត្តបានអះអាងថា មានជនរងគ្រោះប្រមាណជា២០-៣០នាក់ បានជាប់នៅក្រោមអគារដែលបាក់រលំនេះ ខណៈពួកគេកំពុងធ្វើការ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៤៖៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណជា៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ អគារនេះត្រូវបានគេអះអាងថា សាងសង់សម្រេចបានប្រមាណជា ៩០ភាគរយហើយ៕



ចេញផ្សាយថ្ងៃ:Friday, January 03, 2020 rsatv-news.com