Thursday, January 2, 2020

ពលរដ្ឋខ្មែរឥស្លាមជាង ៥០នាក់ នៅខេត្តកំពង់ឆ្នាំង សំណូមពរដល់ថ្នាក់ដឹកនាំរបស់ពួកគាត់ ជ្រើសរើស ហាកឹម ថ្មី ដោយមានការបោះឆ្នោតមួយប្រព្រឹត្តទៅមានតម្លាភាព

អ្នកទស្សនា: Views
អ្នកនិពន្ធ:
(កំពង់ឆ្នាំង)៖ ពលរដ្ឋខ្មែរឥស្លាមជាង ៥០នាក់ តំណាងឲ្យពលរដ្ឋខ្មែរឥស្លាមជាង ១០០គ្រួសារ រស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ បានមកជួបជុំគ្នា ដើម្បីធ្វើការសំណូមពរដល់លោក សុះ គឹមរី ជាចាងហ្វាងគណៈគ្រប់គ្រងជាន់ខ្ពស់ខ្មែរឥស្លាមកម្ពុជា។
ពួកគាត់បានសំណូមពរដល់លោកចាងហ្វាង មុននឹងធ្វើការបោះឆ្នោតជ្រើសរើស ហាកឹម (អ្នកដឹកនាំតាមភូមិផ្នែកសាសនា) ដែលជាតំណាងរបស់បងប្អូនខ្មែរឥស្លាម រស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋសរុបជាង ២០០គ្រួសារនោះ សុំឲ្យការជ្រើសរើសនេះធ្វើយ៉ាងណាឲ្យមានតម្លាភាព ដែលពួកគាត់អាចទទួលយកបានទាំងអស់គ្នា។
លោក រ៉េម ឯល តំណាងឲ្យប្រជាពលរដ្ឋបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរឥស្លាម ដែលមកតាំងទីលំនៅតាមមាត់ទន្លេ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនេះ គឺមានរយៈពេល ៤២ឆ្នាំមកហើយ ចំណែក ហាកឹម ក៏មាន៣ជំនាន់មកហើយដែរ។ តែនៅពេលថ្មីៗនេះ ហាកឹម ជំនាន់ទី៣ គឺគាត់មានវ័យជាង ៨០ឆ្នាំមកហើយ និងគាត់ក៏បានស្លាប់រយៈពេលជាង ១ឆ្នាំមកហើយដែរ ហើយក៏បានតែងតាំង ហាកឹម រងឲ្យឡើងជំនួសរហូតសព្វថ្ងៃ។
លោកបន្តថា ហាកឹម ដែលគ្រប់គ្រងសព្វថ្ងៃនេះ ពលរដ្ឋខ្មែរឥស្លាម នៅក្នុងភូមិចុងកោះភាគច្រើន ស្រលាញ់ចូលចិត្តគាត់ មិនដែលមានថ្នាំងថ្នាក់អ្វីឡើយ។ តែថ្មីៗនេះ ខាងថ្នាក់ដឹកនាំសាសនា គេមានគម្រោង និងធ្វើការជ្រើសរើស ហាកឹម ថ្មីជំនួស ហាកឹម សព្វថ្ងៃ។ ការជ្រើសរើសអ្នកដឹកនាំថ្មីក្រោយនេះ គឺពួកគាត់ឥតមានជំទាស់អ្វីដែរ តែសុំឲ្យជ្រើសរើស រកអ្នកដែលមានសមត្ថភាពពិតប្រាកដ ពិសេសរកអ្នកដែលចេះសូត្រ កូរអាន ឬ (គុម្ពី) ផង និងសុំឲ្យមានការរៀបចំបោះឆ្នោតឲ្យបានត្រឹមត្រូវជៀសវាងការបន្លំសន្លឹកឆ្នោត ដែលជ្រើសយកតែបក្ខពួករបស់ខ្លួន៕
ចេញផ្សាយថ្ងៃ:Thursday, January 02, 2020 rsatv-news.com